លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ងួន សុខា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ងួន សុខា នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពកាលពី ថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៣ៈ៣០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់លោកជំទាវ ងួន សុខា គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុត នូវឧត្តមភរិយា ម្តាយជាទីគោរពស្រឡាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ដូចជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយដែលមួយជីវិតរបស់លោកជំទាវបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ពេជ ឬទ្ធី ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ងួន សុខា បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕