លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ជួប​សំណេះសំណាល​ជាមួយ​មន្រ្តី​រាជការ និង​ប្រជាពលរដ្ឋ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃវល្លិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដឹក​ទំនិញ​ឆ្លង​កាត់ព្រំដែន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ខណៈដែលពិភពលោកបាននឹងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ជាផ្លូវការ​សម្រាប់​ព្យាបាល​នៅ​ឡើយនោះទេ។ ម៉្យាងទៀតត្រូវធ្វើជាមន្រ្តីស្មោះត្រង់ក្នុងការមប្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ ជូនដល់ភ្ញៀវជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិព្រែវល្លិ៍ (នៅពេលដែលឆ្លងព្រំដែនបើកឲ្យដំណើរការជាធម្មតាឡើងវិញ)៕