លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ១០/១១/២០២០10/11/2020 665 កំពង់ចាម, ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) គឺជារមណីយដ្ឋានទេចរណ៍បែបវប្បធម៌ ដែលត្រូវបានរៀបចំកសាងឡើងវិញក្នុងឆ្នាំ ២០០០ ក្រោមគំនិតផ្តួចផ្តើមកសាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាសំណង់ប្រវត្តិសាស្រ្តនៅសម័យតេជោសែន ដែលត្រូវបានប្រគល់សិទ្ធជូន ឯកឧត្តម ឃឹម សារិទ្ធ អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកដឹកនាំកសាង។ ដោយឡែកការចុះមកពិនិត្យមើលសំណង់នាព្រឹកនេះ គឺតាមរយៈការស្នើសុំរបស់ព្រះចៅអធិការ ព្រះនាម ព្រះគ្រូវិជ័យធម្មបាល ទីន ទី ក្នុងការសាងសង់កុដិរបស់ព្រះចៅអធិការវត្ត ដែលកសាងទើបតែបានចំនួន ៤០% របងនិងបង្កាន់ដៃនៅខ្វះប្រវែង ១៨៥ម៉ែត្រ ខ្វះលូរំដោះទឹកប្រវែង ៩៦ម៉ែត្រ និងស្នើសុំលាបពណ៌សាឡុំឡើងវិញ ។ លោកជំទាវក៏បានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាស កសាង និងមានអភិវឌ្ឍទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។ បើទោះបីជាយើងមានសន្តិភាព ក៏យើងនៅប្រឈមនឹងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ ស្របពេលដែលពិភពលោកបាននឹងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។ លោកជំទាវក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តន៍នូវវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ។ ជាពិសេស ក៏បានអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃ ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ក្នុងសហគម៕