លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៧

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ដែលបានរៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីនេះ ព្រះករុណាជាអម្ចាស់ បានយាងប្រទានភ្លើងជ័យ ជានិមិត្តរូបនៃជ័យជំនះ សុខសន្តិភាព និងឯករាជ្យពេញបរិបូរណ៍របស់កម្ពុជា។
ថ្ងៃ ៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និង​ជា​ការឧទ្ទិស​ដល់​ព្រះរាជបូជនីយ​កិច្ច របស់អតីត ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និង​ព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស៕