ឯកឧត្តម លីវ សុភក្ត្រា ផ្តល់អំណោយ​ជា​ស្បៀង​ចែកជូន​ដល់​មូលដ្ឋាន​ខណ្ឌ ៧មករា សម្រាប់​ចែក​បន្ត​ក្នុង​តំបន់​ក្រហម ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កូវីដ​ ១៩

ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៨ ឧសភា ឆ្នាំ២០២១ បាន​នាំនូវអង្ករ ម៉ាស់ពេទ្យ ទឹកត្រី ទឹកសុីអុីវ ត្រីខ មីកំប៉ុង ពងទា ចែកជូនមូលដ្ឋានខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងពេល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩ ដែលបានឆក់យកអាយុជីវិត​ប្រជាជនខ្មែរ​ចំនួន​១១៤នាក់ និងឆ្លងជាង១៨០០០នាក់ ហើយគិតត្រឹមថ្ងៃទី០៨ ឧសភា ឆ្នាំ២០២១នេះ។ ពិធីប្រគល់អំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម លីវ សុភក្ត្រា នាឱកាសនោះមានវត្តមាន លោក លឹម សុភា អភិបាលខណ្ឌ ៧មករា និង លោកស្រី សុខ សុភារ៉េត ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច រាជធានីភ្នំពេញ​ចូលរួមផងដែរ។
ឯកឧត្តម លីវ សុភក្ត្រា បានថ្លែងនូវការផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋរស់នៅ​ក្នុងមូលដ្ឋានខណ្ឌ៧មករា​ទាំងអស់​ចូលរួមអនុវត្តឲ្យបាន​តាមវិធាន​ក្រសួងសុខាភិបាល ដើម្បីរួមគ្នាចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩។
ឯកឧត្តមបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់​ខ្ពស់​អំពី​សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា។
ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់ឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៍ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះលោកអភិបាលខណ្ឌ៧មករា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបាននាំអំណោយសម្រាប់មូលដ្ឋានខណ្ឌ៧មករា គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងតំបន់ក្រហម និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងស្ថានភាពដ៏លំបាកនេះ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម លីវ សុភក្ត្រា រួមមាន អង្ករ ៣ តោន ម៉ាស់ពេទ្យ ៥ កេសធំ ទឹកត្រី ១០០ យួរ ទឹកសុីអីវ ១០០ យួរ មីម៉ាម៉ាកំប៉ុង ២៤០ យួរ ត្រីខ ២៤០ យួរ និង ពងទា ២០០០ គ្រាប់ ។