លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ អង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួល អង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និង​ប្រគល់ជូន​ដល់​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ នៅ​ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។
សូមបញ្ជាក់ថាអំណោយក្នុងថ្ងៃនេះ រួមមាន របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត តាមរយៈ ឯកឧត្តមឧកញ៉ា លី យ៉ូគៀត រួមមាន ៖ អង្ករ ៦,១២៥គ.ក្រ និងថវិការបស់សប្បុរសជនចំនួន ២០,០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដែលទទួលដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។
នៅក្នុងពិធីប្រគល់នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។ ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ។
លោកជំទាវបានបន្តទៀតថាទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀងគរមូលនិធិ និងស្វាគមន៍ចំពោះ ការចូលរួម​​វិភាគទានថវិកា សម្ភារៈ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាម​រយៈ​លោកជំទាវផ្ទាល់ ព្រមទាំងលោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្ត ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ សាខា ។ ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមក ក៍​ដូចជា​ពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និង ងាយរងគ្រោះមហន្តរាយ​នៅក្នុង​ខេត្ត​បាន​ទាន់​ពេលវេលាផងដែរ៕