លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ ក្រោម​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ប្រជា​ពលរដ្ឋ​នៅ​ក្នុងខណ្ឌសែនសុខ បាន​ទទួល​ផ្លូវ​មួយ​ខ្សែ​ប្រើប្រាស់​ជា​ប្រយោជន៍សាធារណៈ

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី​ក្នុង​ពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់​ពី​បាន​បញ្ចប់វិវាទ​ដែល​មានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការក្រសួង កាលពី​រសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។
គួររំលឹកផងដែរថា ករណីទំនាស់ដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ការដោះស្រាយទំនាស់ត្រូវបានបញ្ជប់ដោយបានការឯភាពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាខ្ពស់ក្រោមសមត្ថកិច្ច និង​យន្តការ​សម្រប​សម្រួលដោះស្រាយទំនាស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការ​ដឹកនាំ​ចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំងឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់ទីតាំងទំនាស់ និង​បាន​ចាត់ ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក ច្រើនសារក្នុងក្របខណ្ឌជំនាញ និង​ក្របខណ្ឌអន្តរក្រសួង​ដោយ​សម្រេចបាន​នូវ​លទ្ធផល​ជាវិជ្ជមានជាបន្តបន្ទាប់ រហូតឈានដល់ការព្រមព្រៀងឯកភាពបញ្ចប់វិវាទទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​លោកជំទាវ​ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយក្តីសោមនស្សរីករាយ មិត្តភាព និងសុខុដុមរម្យនារវាងគូរភាគីទាំងសង្ខាង ដោយបានឯកភាពធ្វើការបើកផ្លូវលេខ ១៩៧៨ ត្រង់ចំណុចទីតាំងដែលមានទំនាស់រវាង លោក សុខ អឿន និងលោក សុខ សាន្ត លោក សម វង ទំហំទទឹង​ ៨ម៉ែត្រ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ស្របតាម​គោលការណ៍​ជា​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
វត្តមានថ្ងៃនេះ ក៏មាន ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជាសក្ខីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង ផងដែរ ៕