លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ដឹកនាំ​ប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម​បណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញដឹកនាំប្រតិភូក្រសួងចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា នារសៀល​ថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ រកទីបំផុតគ្មាន ចំពោះការបាត់បង់ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេស​​ក៏ដូចជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកា​ក្នុងការ​បម្រើ​បុព្វហេតុ​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល សូមឆាប់​បាន​យោន​យកកំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕