លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតិឲ្យ ឯកឧត្តម ដូ វ៉ាន់ចៀន ដឹកនាំគណៈ​ប្រតិភូរណសិរ្ស​វៀតណាម ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​ជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញទទួលជួបគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ដូ វ៉ាន់ចៀន (Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅ​ទីស្តី​ការក្រសួង នារសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ឆ្នាំនេះ ជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាង​ប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយ​ប្រទេស​ទាំងពីរក៏បានរៀបចំ​ព្រឹត្តិការណ៍ជាច្រើន​ក្នុងការចូលរួម​អបអរសាទរនូវចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ ។ ទំនាក់ទំនងប្រទសទាំងពីរក៏បានរីកចម្រើនជាប្រចាំ ជាពិសេស នៅក្នុង​ដំណាក់​កាល​ដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កាលើគ្រប់វិស័យ ពី​វិស័យ​នយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ ។
ជាការឆ្លើយតប ឯកឧត្តម ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា និងបានកោត​សសើរអំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​បាន​អបអរសាទរ​ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗនេះ ។
ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យគណៈប្រតិភូស្នាក់នៅ ទទួលបានសុខសុវត្ថិភាព ក្នុងអំឡុង​ពេល​បំពេញ​បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕