លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តដល់កុមារកំព្រា សូមកុំបាក់ទឹកចិត្ត និងត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាយុវជនគំរូ និងជាយុវជនបន្តវេន ២២/០៨/២០២២22/08/2022 382 ការងារសង្គម, សមាគមនារីកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនកុមារកំព្រា និងប្រជាពលរដ្ឋចំនួន ៣០០នាក់ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តចាក់អង្រែលើ នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍសង្គមសេដ្ឋកិច្ច យ៉ាងលឿន និងផ្តល់ឱកាស និងសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរនានា មានជីវភាពរស់នៅកាន់តែប្រសើរជាលំដាប់ ដែលបានអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានជួបជុំសំណេះ សំណាលគ្នានាពេលនេះ ។ លោកជំទាវក៏បានក្រើនរំលឹកដល់ក្មួយៗកុមារកំព្រាទាំងអស់ថា ថ្វីត្បិតតែយើងកំព្រា កុំបាក់ទឹកចិត្ត កុំគិតថាយើងឯកោរ សូមក្មួយៗគិតថានៅមានការថែទាំពីសំណាក់ លោកគ្រូ អ្នកគ្រូ ជាពិសេស ការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនបានទុក្ខឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។ លោកជំទាវក៏បានផ្តាំផ្ញើដល់កុមារទាំងអស់ត្រូវថែទាំសុខភាព ជាពិសេស គោរពតាមវិធានការសុខភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន សារធាតុញៀនផ្សេងៗ ត្រូវខិតខំរៀនសូត្រ ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ បង្កើនចំណេះដឹង បង្កើនជំនាញការងារ ដើម្បើចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យក្លាយក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ អំណោយដែល ៣០០នាក់ ទទួលបានក្នុងថ្ងៃនេះ រួមមាន ៖ ១. មណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងមជ្ឈមណ្ឌលកូលាបទី៤ ចំនួន ២០០នាក់ ទទួលបាន អង្ករ ១.០០០គីឡូក្រាម, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកសុទ្ធ ២០កេស, ម៉ាស ១កេស, ភេសជ្ជៈ ១០កេស ថវិកា ២លានរៀល ។ ២. កុមារនៅក្នុងសហគមន៍នៃសំណង់មិនរៀបរយ សង្កាត់ចាក់អង្រែលើ ចំនួន ១០០នាក់ ទទួលបាន អង្ករ ៥០០គីឡូក្រាម, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកសុទ្ធ ២០កេស, ម៉ាស ១កេស, ភេសជ្ជៈ ៥កេស ថវិកា ២លានរៀល ។ ៣. ចំណែកឯ អ្នកចូលរួម ៣០០នាក់ ក៏ទទួលបានការឧបត្ថម្ភជាថវិកាពីសំណាក់ លោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល៕