លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញ​បិទសន្និបាត​បូក​សរុប លទ្ធផលការងារឆ្នាំ២០១៨ និង​លើកទិសដៅការងារឆ្នាំ២០១៩ របស់​ក្រសួងកិច្ចការនារី

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញជាអធិបតិក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៨ និង លើកទិសដៅឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានប្រសាសន៍ថា រាជរដ្ឋាភិបាលបង្កើតលិខិតបទដ្ឋានគោលនយោបាយ និងផែនការ​សកម្មភាព​ជាតិ​ដើម្បី​ឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី និងការលើក កម្ពស់គុណភាព​នៃការផ្តល់​សេវា​ជាពហុវិស័យ​នៅតាម​បណ្តា​ខេត្តនានា តាមរយៈក្រុមការងារ អន្តរស្ថាប័នដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះ ឱ្យបាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាព ហើយកន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេច​អគ្គមហា​សេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតក្រុមមេធាវីសម្តេចតេជោ ដើម្បីបំពេញ បន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្ត្រី និងក្មេងស្រីក្រីក្រ ដែលងាយរងគ្រោះដោយ អំពើហិង្សាទាក់ទង​នឹងយេនឌ័រ​ឱ្យទទួលបាននូវយុត្តិធម៌ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការយកចិត្តទុកដាក់លើការ បង្កើតឲ្យមានគោលនយោបាយគាំពារសង្គមផ្សេងៗ ក្នុងជួយដល់សក្រីក្រ ជនចាស់ជរា កុមារ ក៏ដូចជាជួយមន្ត្រីរាជការផងដែរ ។

លោកជំទាវឧបនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា វាជារឿងដ៏គួរឱ្យខ្លោចផ្សាខ្លាំង ណាស់ដែលក្មេងស្រីត្រូវបានចាប់រំលោភ ហើយខ្លះត្រូវបានសម្លាប់បំបិទមាត់ថែមទៀតផងពី សំណាក់ជីតា ឪពុកចុង ឪពុកបង្កើត។ល។ ដែលទង្វើដ៏អមនុស្សធម៌នេះវាបានកើតចេញពីការ ធ្លាក់ចុះនៃសីលធម៌របស់មនុស្ស ការសេពគ្រឿងញៀន និងអំពើហិង្សា ដែលមិនអាចអត់ឱន ឱ្យបានឡើយ បើមិនដូច្នោះទេ ស្ត្រី និងក្មេងស្រីនៅតែបន្តការរំលោភបំពានដោយឥតស្រាកស្រាន៕