លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និបាតបូកសរុបការងារ ឆ្នំា២០១៨ និងលើកទិសដៅការងារ ឆ្នំា២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី​ក្នុងពិធីបើក​សន្និបាតបូក​សរុប​ការងារឆ្នំា២០១៨ និង​លើកទិសដៅ​ការងារឆ្នំា២០១៩ របស់ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នំាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នំា​២០១៩ ។

សន្និបាតនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនំាជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធាន​ការិយាល័យ និងមន្ត្រីនៅក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំង​មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាភ្ញៀវកិត្តិយស ដែលអញ្ជើញ មកពីស្ថាប័នរដ្ឋ​ផ្សេងៗ​ជាច្រើនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា៖ សន្និបាទនេះ​រៀបចំ​ឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និង បូកសរុបលទ្ធផលការងារ ដែលក្រសួង​បាន​សម្រេច​​ក្នុងឆ្នាំ២០១៨ កន្លងមក និងដាក់ចេញនូវវិធានការណ៍ទិសដៅថ្មីៗ​សម្រាប់អនុវត្ត​បន្ត​ក្នុង​ឆ្នាំ២០១៩ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន​លើវិស័យ​ការងារ​ទំនាក់​ទំនង សម្របសម្រួល ជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច ការទទួល និង ដោះស្រាយបណ្តឹងនានា សំដៅរួមចំណែកពង្រឹង​អភិបាលកិច្ចល្អ ដែល​ជា​ឧត្តម​ប្រយោជន៍របស់សង្គមជាតិទាំងមូល។

ជាទីបញ្ចប់លោកជំទាវបានសំណូមពរឲ្យអង្គសន្និបាតពិភាក្សាឲ្យបានផុលផុស ដើម្បីយក​មតិ​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​មកធ្វើជាធាតុចូល​ក្នុងការពង្រឹង​ស្ថាប័នឲ្យកាន់តែ​មានប្រសិទ្ធភាពបន្ថែមទៀត។