លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដាក់ចេញការងារអាទិភាពចំនួន៨ ដើម្បីឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ខ្លួនប្រកបដោយជោគជ័យ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បត្តិ៍១៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើឲ្យថ្នាក់ដឹកនាំក្រសួង បន្តផ្តោត​ការយកចិត្តទុកដាក់​លើការងារ​សំខាន់ៗ​ចំនួន​៨ ដូចខាងក្រោម៖

១៖ ក្រុមការងារក្រសួង ត្រូវបន្តយុទ្ធនាការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ គ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅ​តាម​ទីប្រជុំ​ជន និងជនបទដាច់ស្រយ៉ាល។ ជម្រុញការងារសិក្សាស្ទាបស្ទង់មតិ (Survey) ដោយបណ្តុះ បណ្តាលពីវិធីសាស្ត្រ នៃការ​សិក្សា​ស្ទាបស្ទង់ និងការវិភាគទិន្នន័យដល់មន្រ្តីដែលពាក់ព័ន្ធ ដើម្បីធ្វើរបាយការណ៍ នៃលទ្ធផលដែលរកឃើញពីការស្ទាបស្ទង់ទាំងនោះ។

២៖ ត្រូវខិតខំបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ផ្នែកសំខាន់ៗ នៃសេចក្តីព្រាងច្បាប់ អធិការកិច្ច និងអនុក្រឹត្យ ដែលពាក់ព័ន្ធចម្បងៗ។ ការងារសម្របសម្រួលនោះត្រូវការពារឱ្យបានជាអតិបរិមានូវតួនាទី ភារកិច្ចស្នូលរបស់ក្រសួង ស្របតាម​ច្បាប់​ដែលអនុញ្ញាត។

៣៖ ត្រូវរៀបចំ និងតម្លើងកម្មវិធីទទួលពាក្យបណ្តឹង អនឡាញ និងបណ្ណាល័យអេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា តាមកុំព្យូទ័រ ឬទូរស័ព្ទដៃ​បាន​យ៉ាង​ងាយ​ស្រួល។ ការអនុវត្តកម្មវិធី គឺជាការសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅពង្រឹងអភិបាលកិច្ចល្អ និង រួមចំណែក ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការពារសិទ្ធិប្រជាពលរដ្ឋ ។

៤៖ ត្រូវពង្រឹងប្រសិទ្ធិភាពក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈ​ការ​រកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យ​បណ្តឹង​ដែល​បញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យដោះស្រាយ ត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍភាពនៃការដោះស្រាយ ឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។ ទង្វើនេះ បង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលជា​អ្នក​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ។

៥៖ មន្ត្រីរាជការ ក្រសួង ជាពិសេសមន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវស្វែងយល់អំពីច្បាប់ និងបទបញ្ញត្តិនានា ដែលពាក់ព័ន្ធ និងការងារស្នូល របស់ក្រសួង ដើម្បីមានលទ្ធភាពបកស្រាយ និងពន្យល់ពីការរកឃើញភាពអសកម្មនានា។

៦៖ វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវបង្កើតក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរៀបចំខ្លឹមសារ កម្មវិធីបណ្តុះបណ្តាលថ្នាក់បឋម ថ្នាក់​មធ្យម និងថ្នាក់ឧត្តម លើជំនាញអធិការកិច្ច និងជំនាញពាក់ព័ន្ធ។ វិទ្យាស្ថានក៏ត្រូវបណ្តុះបណ្តាល មុខជំនាញផ្សេងបន្ថែម ក្រៅពី​អធិការ​កិច្ច ដូចជាជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់របស់ក្រសួង។

៧៖ ត្រូវត្រៀមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវធ្វើឲ្យបានហ្មត់ចត់ ច្បាស់លាស់ ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាឱ្យមានប្រសិទ្ធិភាព គណនេយ្យភាព និង​សមស្រប​តាម​បទដ្ឋាន​គតិយុត្ត។

៨៖ ក្នុងពេលបំពេញបេសកកម្ម ចុះធ្វើអធិការកិច្ច មន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ នូវក្រមសីលធម៌​មន្ត្រី​រាជការ អធិការកិច្ច ដែលបានដាក់ចេញរួចហើយ និងត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ និងត្រូវអនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលយើង​ត្រូវ​ចងចាំ​ជានិច្ច។